កូរ៉េខាងជើងកាន់តែហ៊ាន ! គឺនឹងបាញ់សាកល្បងមីស៊ីលជាប្រចាំសប្តាហ៍
លោក Han Song-Ryol អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នេះថា ប្រទេសកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីលរបស់ខ្លួន បើទោះបីជាកំពុងតែមានភាពរកាំរកួសជាមួយសហរដ្ឋអាមេរិក និងត្រូវបានអន្តរជាតិថ្កោលទោសយ៉ាងណាក្តី ។
លោកអនុរដ្ឋមន្ត្រីក៏បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន BBC នាទីក្រុងព្យុងយ៉ាងថា «កូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីលរបស់ខ្លួននៅលើមូលដ្ឋានរៀងរាល់ពេលវេលាកំណត់» ហើយក្នុងនោះដែរលោកក៏បានបន្តថា «ប្រសិនបើសហរដ្ឋអាមេរិកហ៊ានធ្វើសកម្មភាពយោធាណាមួយនោះ កូរ៉េខាងជើងនឹងចាប់ផ្តើមធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិកដោយមិនខ្លាចរអារ» ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនប៉ុន្តែក៏ទទួលបរាជ័យ ដោយគ្រាន់តែកូរ៉េខាងជើងបាញ់សាកល្បងភ្លាមមីស៊ីលក៏បានដាំក្បាលចុះទៅក្នុងសមុទ្រតែម្តង ដែលទង្វើរទាំងនេះត្រូវបានអន្តរជាតិសង្កេតឃើញថា ជាការបង្អួតសព្វាវុធយោធាថ្មីៗរបស់កូរ៉េខាងជើង ៕


Post a Comment