សង្រ្គោះជាតិ​នឹង​ធ្វើ​សមាជ​ជា​ថ្មី បើក​ផ្លូវ​ឲ្យ​មាន​ការ​ជ្រើស​រើស​អនុប្រធាន៣​រូប​ ឲ្យ​ស្រប​តាម​នីតិវិធី

គណបក្សសង្រ្គោះជាតិ នឹងរៀបចំធ្វើសមាជជាថ្មី នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដើម្បីកែសម្រួលលក្ខន្តិកៈគណបក្សឡើងវិញ។ សមាជនេះ ធ្វើឡើងក្នុងគោលដៅ បើកផ្លូវឲ្យមានការជ្រើសរើសអនុប្រធានគណបក្ស ៣រូប ដែលកំពុងប្រឈមនឹងការមិនទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរំពឹងទុកថា សមាជជាថ្មីនេះ នឹងបញ្ចប់ការខ្វែងគំនិតគ្នាជាច្រើនខែ ជាមួយនឹងក្រសួងមហាផ្ទៃ។

សមាជវិសមញ្ញរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ នឹងសម្រេចលើ របៀបវារៈតែមួយប៉ុណ្ណោះ គឺការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ត្រង់ប្រការ៤៧ថ្មី ដើម្បីបើកផ្លូវឲ្យមានការជ្រើសរើសអនុប្រធានគណបក្ស ដែលកំពុងប្រឈមនូវការមិនទទួលស្គាល់ពីក្រសួងមហាផ្ទៃ។
លក្ខន្តិកៈគណបក្សសង្រ្គោះជាតិប្រការ៤៧ថ្មី ដែលត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ តាមរយៈអង្គសមាជគណបក្ស កាលពីដើមខែមីនា បានចែងថា “ក្នុងករណីដែលប្រធានគណបក្សទទួលមរណភាព លាឈប់ ឬបាត់បង់សមត្ថភាពដឹកនាំគណបក្សដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក បើអាណត្តិនៅតិចជាង១៨ខែ នោះអនុប្រធានគណបក្សមួយរូបដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងតិច ពីក្នុងចំណោមសមាជិកគណៈកម្មាធិការនាយករបស់ខ្លួន ដោយសំឡេងដាច់ខាត ៥០+១”។
ប៉ុន្តែក្នុងករណីបច្ចុប្បន្ននេះ គណបក្សសង្រ្គោះជាតិ មានតែប្រធាន តែមិនទាន់មានអនុប្រធាននោះទេ។ ដូច្នេះ សមាជរបស់គណបក្ស នៅថ្ងៃទី២៥មេសាខាងមុខ នឹងបន្ថែមឃ្លាថា “ក្នុងករណីអវត្តមានប្រធាន គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានម្នាក់ ពីក្នុងចំណោមសមាជិកគណៈកម្មាធិការនាយក ដើម្បីជួយដល់ការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ”។ នេះបើតាមការបញ្ជាក់ពីលោក ប៉ុល ហំម មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។
លោក ប៉ុល ហំម ដែលជាបេក្ខភាពអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានទាំង៣នាក់ ដែលត្រូវបានទាត់ចោលដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥មេសា រំពឹងថា សមាជថ្មីនេះ នឹងបញ្ចប់នូវការខ្វែងគំនិតគ្នាជាមួយនឹងក្រសួងមហាផ្ទៃ។
លើករណីនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់គណបក្សសង្រ្គោះជាតិ ប៉ុន្តែលោកបានផ្តាំទៅកាន់គណបក្សសង្រ្គោះជាតិថា សូមកុំឲ្យធ្វើខុសជាលើកទី២។ បើតាមលោក ខៀវ សុភ័គ បន្ទាប់ពីគណបក្សសង្រ្គោះជាតិធ្វើសមាជកែសម្រួលលក្ខន្តិកៈរបស់ខ្លួនត្រឹមត្រូវហើយនោះ គណបក្សនេះត្រូវបញ្ជូនលក្ខន្តិកៈថ្មីនេះ ទៅតម្កល់នៅក្រសួងមហាផ្ទៃ ដើម្បីឲ្យច្បាប់ទទួលស្គាល់សិន មុននឹងយកមកអនុវត្តជ្រើសរើសអនុប្រធានថ្មី។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី មានលោក កឹម សុខា ជាប្រធាន លោក ប៉ុល ហំម, លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាន។ សមាជវិសមញ្ញរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥មេសាខាងមុខ ក៏នឹងមិនផ្លាស់ប្តូរសមាសភាពអនុប្រធានទាំង៣រូបនេះទេ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ុល ហំម៕
ប្រភព៖ RFI

No comments

Powered by Blogger.