រដ្ឋាភិបាលរុស្ស៉ី នឹងជួយកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរដំបូងនៅក្នុងប្រទេស

(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងមានមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ ដែលត្រូវបង្កើតនៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាសាលាតិចណូ ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៉ី របស់លោកប្រធានាធិបតី Vladimir Putin។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន ទើបចេញផ្សាយថ្មីៗនេះ។


កិច្ចប្រជុំថ្នាក់ជាតិលើកទី៤ របស់ក្រុមការងារថ្នាក់ជាតិ សម្របសម្រួលកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី ក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាពេលថ្មីៗនេះ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ពាក់កិច្ចសហប្រតិបត្តិការវិស័យនុយក្លេអ៊ែររវាងកម្ពុជា និងរុស្ស៉ី។
កិច្ចប្រជុំថ្នាក់ជាតិនេះ បានពិនិត្យ និងពិភាក្សា ទី១៖ទៅលើសេចក្តីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណង សន្តិភាព។ ទី២៖ ពិភាក្សាជ្រើសរើសប្រធានបទ សម្រាប់មជ្ឈមណ្ឌលព័ត៌មាន ថាមពលនុយក្លេអ៊ែរ នៅទីក្រុងភ្នំពេញ និងទី៣៖ ការត្រៀមខ្លួនជួបពិភាក្សាជាមួយភាគីរុស្ស៊ី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ និងអាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សាជំនាញបច្ចេកវិទ្យានុយក្លេអ៊ែរ នៅសហព័ន្ធរុស្ស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំនោះឯកភាពជ្រើសរើស ប្រធានបទសម្រាប់មជ្ឈមណ្ឌលព័ត៌មាន ថាមពល នុយក្លេអ៊ែរដែលនឹងត្រូវ បង្កើតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន៣៖ ទី១៖ វិទ្យាសាស្រ្តថាមពលនុយក្លេអ៊ែរ, ទី២៖ ការផលិតអគ្គិសនីដោយប្រើថាមពលនុយក្លេអ៊ែរ (NPPs) និងទី៣៖ ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងវិស័យដូចជា ឧស្សាហកម្ម កសិកម្ម វេជ្ជសាស្រ្ត ជាដើម៕
ប្រភព៖ fbnewskh

No comments

Powered by Blogger.